លោក ហ៊ុន សែន ៖ បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​នឹង​​​បាត់​​​បង់​​​អាសនៈ​​សភា​​​​ ​​​ប្រសិន​​​បក្ស​​​នេះ​​​ហ៊ាន​​​ធ្វើ​​​ពហិការ​​​​​​

​​​លោក​​​ វ៉ូលហ្គាំង​​​ ម៉ូស័រ (Wolfgang Moser) ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃម្សិលមិញ​​​ថា  លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ព្រមាន​​​​​​ថា ខ្លួន​​​នឹង​​​ប្រគល់​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​តូច​​​ៗ​​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​ទេ​​​នោះ​​​។

លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ផ្ញើសារ​​​នេះ​​​បន្ត​​​​​​ទៅ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​មិន​​​បើក​​​ចំហ​​​មួយ​​​នៅ​​​ការិយាល័យ​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណបក្ស​​​នយោបាយ​​​តូច​​​ៗ​​​ផ្សេងៗ​​​​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​គ្មាន​​​អាសនៈ​​​សភា​​​ក្នុង​​​ករណី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើ​​​ពហិកា​​​មិន​​​ចូល​​​រួម​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​។

អ្នក​​​ធ្វើ​​​អត្ថាធិប្បាយ​​​នយោបាយ​​​នានា​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ថា អាសនៈ​​​សភា​​​ចំនួន​​​៥៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​រារាំង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​៦៨​​​អាសនៈ​​​ពី​​​ការ​​​បង្គ្រប់​​​នូវ​​​កូរ៉ុម​​​​​​​​​​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​លើក​​​ដំបូង​​​ស្ដី​​​ពី​​​ការ​​​បង្កើត​​​រាជ​​​រដ្ឋាភិបាល​​​ក្រោយ​​​​​​ពេល​​​លទ្ធផល​​​នៃ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​រួច​​​​​​។

លោក ម៉ូស័រ បាន​​​និយាយ​​​ពី​​​ជំនួប​​​ជាមួយ​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថា “ គាត់​​​បាន​​​ដាក់​​​ចេញ​​​សេនារីយោចំនួន​​​ពីរ​​​​​​​​​។ ទី១​​​គឺ​​​​​​គាត់​​​ផ្ដល់​​​កិច្ច​​​សហប្រតិបត្តិការ​​​ជិត​​​ស្និទ្ធ​​​ជាង​​​នៅ​​​រដ្ឋ​​​សភា​​​ [អាណត្តិ​​​មុន​​​]…  គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ព្រម​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ ប៉ុន្តែ​​​បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​បង្កើត​​​ដៃ​​​គូ​​​ចម្រុះ​​​” ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក ម៉ូស័រ បាន​​​បន្ត​​​ថា សេនារីយោ​​​ទី២​​​គឺ​​​មិន​​​ល្អ​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​។

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គាត់​​​ [លោក ហ៊ុន សែន] បាន​​​និយា​​​យ​​​ថា រដ្ឋ​​​ធម្មនុញ្ញ​​​​​មាន​​​មាត្រា​​​មួយ​​​ … ប្រសិន​​​បើ​​​សមាជិក​​​សភា​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​តាម​​​ពេល​​​កំណត់​​​ទេ​​​នោះ​​​  មាន​​​មាត្រា​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​បែង​​​ចែក​​​អាសនៈ​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ទៀត​​​​​​”។

លោក ម៉ូស័រ បាន​​​បន្ថែម​​​ថា “ តាម​​​ការ​​​យល់​​​ដឹង​​​របស់​​​ខ្ញុំ​​​ គ.ជ.ប. [គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​] ទើប​​​អាច​​​ធ្វើ​​​ដូច្នោះ​​​​​​បាន​​​។ គាត់​​​មិន​​​បាននិយាយ​​​ថា ខ្លួន​​​គាត់​​​ផ្ទាល់​​​នឹង​​​ធ្វើ​​​ដូច្នោះឡើយ​​​​​​។ ប៉ុន្តែ​​​គាត់ [លោក ហ៊ុន សែន] បាន​​​បញ្ជាក់​​​ច្បាស់​​​ណាស់​​​ថា គាត់​​​ទន្ទឹង​​​រង់​​​ចាំ​​​ការ​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​” ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​នេះ។

ពាក់​​​ព័ន្ធ​​​នឹង​​​សេនារីយោ​​​ទី​​​១ លោក ម៉ូស័រ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​បាន​​​បរិយាយ​​​ថា តើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​មាន​​​លក្ខណៈបែប​​​ណា​​​ឡើយ​​​ ប៉ុន្តែ​​​លោក​​​យល់​​​ថា លោក ហ៊ុន សែន ប្រហែល​​​ជា​​​ចង់​​​សំដៅ​​​ទៅ​​​លើ​​​មុខ​​​តំណែង​​សំខាន់​​​ៗ​​​​​​​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​គណៈកម្មការ​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​គណៈ​​​កម្មការ​​​​​​របស់​​​សភា​​​។

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​បាន​​​បន្ត​​​​​​ថា ក្រៅ​​​ពី​​​​​​នេះ​​​​​​​​​​​​ លោក ហ៊ុន សែន “ បាន​​​និយាយថា រដ្ឋា​​​ភិបាល​​​នឹង​​​ត្រៀម​​​ខ្លួន​​​បាន​​​ប្រសើ​​​រ​ជាង​​​សព្វ​​​ដង​​​​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​សួរ​​​នៅ​​​រដ្ឋ​​​សភាជាតិ​​​​​​​​​”។ លោក​​​ ម៉ូស័រ បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​ដោយ​​​បង្ខំ​​​ទេ​​​ ព្រោះ​​​លទ្ធផល​​​ផ្លូវ​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​បាន​​​ចេញ​​​ផ្សាយ​​​នៅ​​​ឡើយ​​​។

លោក ម៉ូស័រ ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា គេ​​​មិន​​​ទាន់​​​អាច​​​​​​និយាយ​​បាន​​​ថា តើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌​​​ឬ​​​នៅ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​​​​មាន “ សង្ឃឹម​​​ខ្លះ” លើ​​​គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​កំពុង​​​អំពាវ​​​នាវ​​​ឲ្យ​​​បង្កើត​​​ឡើង​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ពី​​​សេចក្ដី​​​រាយការណ៍​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​។

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ស្វាគមន៍​​​ឱកាស​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​អំឡុង​​​ជំនួប​​​មិន​​​បើក​​​ចំហ​​​នេះ។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ​​​ គ.ជ.ប. បាន​​​ច្រាន​​​ចោល​​​​​​តួនាទី​​​ដោយ​​​ផ្ទាល់​​​ណាមួយ​​​របស់​​​គណ​​​បក្ស​​​នយោបាយ​​​ ឬ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​ ខណៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រដ្ឋ​​​បាន​​​ចេញ​​​ផ្សាយ​​​សេចក្ដី​​​កែ​​​តម្រូវ​​​​​​ដោយ​​​បញ្ជាក់​​​ថា  លោក ហ៊ុន សែន មិន​​​បាន​​​ស្វាគមន៍​​​ការ​​​ចូល​​​រួម​​​ “​​​ ជា​​​អន្តរជាតិ” ក្នុង​​​គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​ ដែ​​​ល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បង្កើត​​​ឡើង​​​នោះទេ​​​។

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ហៅ​​​ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​នេះ​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ថា ជា​​​ទង្វើ​​​មិន​​​ស្រប​​​ច្បាប់​​​ និង​​​ “ ហួស​​​សម័យ​​​”។ លោក យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ សូម​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ទៅ​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ ហើយ​​​អ្នក​​​អាច​​​សួរ​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​បី​​​លាន​​​នាក់​​​ទៅ​​​មើល​​​ថា តើ​​​នឹង​​​មាន​​​​​​អ្វីកើត​​​ឡើង​​ បើ​​​​​​គាត់​​​ព្យាយាម​​​បែង​​​ចែក​​​អាសនៈ​​​​​​សភា​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​ផ្សេង​​​នោះ​​​។ តើ​​​អ្នក​​​បោះ​​​ឆ្នោត​​​ព្រម​​​ឬអត់​​​ ហើយ​​​ចុះ​​​យុវជន​​​រាប់​​​លាន​​​នាក់​​​យល់​​​ព្រម​​​ឬអត់​​​?”។

លោក យឹម សុវណ្ណ ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​លោក ហ៊ុន សែន ដែល​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​បង្កើត​​​រដ្ឋាភិបាល​​​ថ្មី​​​​​​ដោយ​​​គ្មាន​​​វត្ត​​​មាន​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា តំណាង​​​រាស្ត្រ​​​​​​យ៉ាង​​​តិច​​​​​​​​​១២០​​​រូប​​​ត្រូវ​​​បង្ហាញ​​​ខ្លួន​​​​​​អំឡុង​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​របស់​​​សភា​​​ ដើម្បី​​​ឲ្យ​​​រដ្ឋាភិបាល​​​ថ្មី​​​មាន​​​លក្ខណៈ​​​ស្រប​​​ច្បាប់​​​។

គួរ​​​បញ្ជាក់​​​ថា រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា រដ្ឋ​​​សភា​​​  “ ត្រូវ​​​មាន​​​សមាជិក​​​យ៉ាង​​​តិច​​​១២០​​​រូប​​​”។ ប៉ុន្តែ​​​ រដ្ឋ​​​ធម្មនុញ្ញ​​​ក៏​​​បាន​​​ចែង​​​ផង​​​ដែរ​​​ថា​​​ រដ្ឋ​​​សភា​​​នីតិកាល​​​ថ្មី​​​នីមួយ​​​ៗ​​​​​​ត្រូវ​​​តែ​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​ដោយ​​​សំឡេង​ភាគ​​​ច្រើន​​​ដាច់ខាត​​​ ឬ​​​៥០​​​បូក​​​១​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រដ្ឋ​​​ធម្មនុញ្ញ​​​ហាក់​​​ដូច​​​ជា​​​ពុំ​​​មាន​​​មាត្រ​​​ណាមួយ ​​​ដែល​​​ចែង​​​ពី​​​ការ​​​ជំនួស​​​សមាជិក​​​រដ្ឋ​​​សភា​​​​​​ដែល​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ទេ​​​។ ទោះ​​​ជា​​​​​​ដូច្នេះ​​​ក្តី​​​​​​ ច្បាប់​​​ស្ដី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​ចែង​​​ថា គ.ជ.ប. អាច​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​ជាប់​​​ឆ្នោត​​​​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​បាន​​​ ប៉ុន្តែ​​​​​​ បាន​​​តែ​​​ក្នុង​​​ករណី​​​ដែល​​​​​​គណបក្ស​​​ជាប់​​​ឆ្នោត​​​នោះ​​​ “ ប្រកាស​​​បោះ​​​បង់​​​ចោល​​​” អាសនៈ​​​របស់​​​ខ្លួន​​​ ឬ​​​ប្រសិន​​​បើ​​​គណបក្ស​​​នោះ​​​ត្រូវ​​​បាន​​​លប់​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​គណបក្ស​​​នយោបាយ​​​ដែល​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅកម្ពុជា ហៅ​​​កាត់​​​ថា ខុមហ្វ្រែល​​​​​​ បាន​​​លើក​​​ឡើង​​​ថា មាត្រា​​​នៅ​​​ក្នុង​​​ច្បាប់​​​ស្ដី​​​ពី​​​រដ្ឋ​​​សភា​​​ជាតិ​​​នេះ​​​​​​មិន​​​អាច​​​យក​​​​​មក​​​ប្រើ​​​ដើម្បី​​​ដក​​​ហូត​​​មុខ​​​តំណែង​​​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទេ​​​។

លោក​​​ គល់ បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា   “ អ្នក​​​មិន​​​អាចធ្វើ​​​ការ​​​​​​សន្មតដោយ​​​ស្វ័យ​​​ប្រវត្តិ​​​ថា ពួក​​​គេ​​​បាន​​​បោះ​​​បង់​​​ចោល​​​ [អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​]” ប្រសិន​​​បើ​​​ពួក​​​គេ​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ទេ​​​។ លោក បញ្ញា ក៏​​​បាន​​​សម្ដែង​​​ការ​​​យល់​​​ស្រប​​​ជាមួយ​​​លោក យឹម សុវណ្ណ​​ ថា រដ្ឋ​​​សភា​​​ជាតិ​​​តម្រូវ​​​ឲ្យ​​​​មាន​​​​តំណាង​​​រាស្ត្រ​​​យ៉ាងតិច​​​​​​១២០​​​រូប​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​ដើម្បី​​​បង្កើត​​​រដ្ឋាភិបាល​​​ថ្មី​​​។

លោក កែវ ផល្លា ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​សេវា​​​កម្ម​​​ច្បាប់​​​នៅ​​​គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពីកា​​​រ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន តាម​​​រយៈ​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ឡើយ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​”។

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ វ៉ូលហ្គាំង ម៉ូស័រ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​សហ​​​ភាព​​​អឺរ៉ុប​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា និយាយ​​​ផ្សេង​​​ធ្វើ​​​ផ្សឹង​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​ជា​​​រឿយៗ​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ ប៉ុន្តែ​​​ក្នុង​​​ពេល​​​ជាមួយ​​​គ្នា​​​នោះ​​​ បែរជា​​​ធ្វើ​​​គ​​​ធ្វើ​​​ថ្លង់​​​​​​ពេល​​​លោក​​​​​​ សម រង្ស៊ី ប្រើ​​​ភាសា​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ជាមួយ​​​វៀតណាម​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោត​​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា សហ​​​ភាព​​​អឺរ៉ុប​​​កំពុង​​​ពិចារណា​​​ពី​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ប្រើ​​​ភាសា​​​រើស​​​អើង​​​របស់​​​លោក សម រង្ស៊ី នេះ​​​។

កាល​​​ពី​​​ម្សិលមិញ លោក អ៊ាង សុផាល្លែត ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក ហ៊ុន សែន បាន​​​ផ្ដល់​​​ព័ត៌មាន​​​​​​ដូច​​​គ្នា​​​អំពី​​​ជំនួប​​​​​រវាង​​​លោក ហ៊ុន សែន និង​​​លោក ម៉ូស័រ ហើយ​​​ថា លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ផ្ញើ​​​សារ​​​ព្រមាន​​​ដូច​​​គ្នា​​​នេះ​​​តាម​​​រយៈ​​​ឯកអគ្គ​​​រដ្ឋ​​​ទូ​​ត​​​ចិន​​​​​​ ពូ ជាំងគ័រ (Bu Jianguo) នៅព្រឹក​​​ថ្ងៃ​​​ដដែល​​​នោះ​​​។

លោក សុផាល្លែត បាន​​​មាន​​​ប្រសាសន៍​​​ថា “ ក្នុង​​​ករណី​​​ពួក​​​គេ​​​ [ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] ធ្វើ​​​ពហិកា​​​ ឬ​​​បោះ​​​បង់​​​អាសនៈ​​​របស់​​​ខ្លួន​​​នោះ​​​ វា​​​អាច​​​ត្រូវ​​​បាន​​​ដក​​​យក​​​ និង​​​បែង​​​ចែក​​​ក្នុង​​​ចំណោម​​​គណបក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​។ បន្ទាប់​​​ពី​​​សមាជិក​​​សភា​​​ថ្មី​​​ត្រូវ​​​បាន​​​ប្រកាស​​​ឈ្មោះ​​​ និង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​ហើយ​​​នោះ ​​​គេ​​​នឹង​​​បង្កើត​​​​​​​​​រដ្ឋាភិបាល​​​”។

លោក​​​បានបន្ត​​​ថា លោក ហ៊ុន សែន ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​បក​​​ស្រាយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ដែល​​​ថា រដ្ឋ​​​សភា​​​ជាតិ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​តំណាង​​​រាស្ត្រ​​​​​​លើស​​​ពី​​​ចំនួន​​​ភាគ​​​ច្រើន​​​ដាច់​​​ខាត​​​ ដើម្បី​​​ចាប់​​​ផ្ដើម​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក សុផាល្លែត ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក ហ៊ុន សែន បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ សម្ដេច [លោក ហ៊ុន សែន] បាន​​​ផ្ញើសារ​​​ទៅ​​​សហ​​​ភាព​​​អឺរ៉ុប​​​ និង​​​គណបក្ស​​ប្រឆាំង​​​រួច​​​ហើយ​​​ថា វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ព្រោះ​​​វា​​​ផ្ទុយ​​​ពី​​​គោល​​​ការណ៍​​​ប្រជា​​​ធិប​​​តេយ្យ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាលមួយ​​​​​​ និង​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​”។

ប៉ុន្តែ ក្រោយសន្និសីទ​​​កាសែត​​​ដំបូង​​​របស់​​​លោក​​​ ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ត្រូវ​​​លោក​​​ហៅ​​​ឲ្យ​​​មក​​​ការិយាល័យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វិញ​​​រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​ម៉ោង​​​ក្រោយ​​​មក​​​ដើម្បី​​​ប្រាប់​​​ថា សន្និសីទ​​​កាសែត​​​ដំបូង​​​របស់​​​លោក​​​ គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។

ក្នុង​​​សន្និសីទ​​​កាសែត​​​លើក​​​ទី២ លោក សុផាល្លែត​​​ បាន​​​ចៀស​​​វាង​​​មិន​​​និយាយអំ​​​​​​ពី​​​ចំណុច​​​ភាគ​​​ច្រើន​​​ ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​​​ពី​​​ដំបូង​​​ ដែល​​​បាន​​​និយាយ​​​ដូច្នេះ​​​វិញ​​​ថា ទាំង​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ចិន និង​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​អប​​​អរ​​​សាទរ​​​លោក ហ៊ុន សែន ចំពោះ​​​ការ​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ឯកឧត្ដម​​​ វ៉ូលហ្គាំង ក៏​​​បាន​​​អប​​​អរ​​​សាទរ​​​សម្ដេ​​ច​​​ចំពោះ​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ ផងដែរ ហើយ​​​បាន​​​និយាយ​​​ថា អធិការបតី​​​របស់​​​គាត់​​​ គឺ​​​លោក​​​ស្រី​​​ អ៊ែន​​​ជីឡា មើគែល ប្រាកដ​​​ជានឹង​​​​​​មាន​​​​​​ក្ដី សោមន​​​ស្ស​​​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​ ប្រសិន​​​បើ​​​គាត់​​​បាន​​​ឈ្នះ​​​​​អាសនៈ​​​ភាគ​​​ច្រើន​​​​​​ដូច​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​”។ លោក ម៉ូស័រ បាន​​​បញ្ជាក់​​​នៅពេល​​​ក្រោយ​​​មក​​​ថា លោក​​​ពិត​​​ជា​​​បាន​​​អប​​​អរ​​​សាទរ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ចំពោះ​​​ជ័យ​​​ជម្នះ​​​ដោយ​​​ “ ផ្អែក​​​លើ​​​លទ្ធផល​​​បឋម​​​” មែន​​​៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

ព័ត៌មាន​ថ្មីៗ

កម្មករ​​​​​​ដែល​​​ធ្វើការ​នៅ​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​​​​ដី​​​ធ្លី​​​រវាង​​​ក្រុម​​​​​​អ្នកភូមិ​​​នៅ​​​ក្នុង​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​រ៉ែ និង​​​ថាមពល​​​ កាល​​​ពី​​​ម្សិល​មិញ​​​បាន​​​ធ្វើការ​តវ៉ា​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ជុំ​​​វិញ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ។ កម្មករ​​​២៨​​​នាក់​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដើម្បី​​​តប​​​ត​​​ចំពោះ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​អ្នក​​​ភូមិ​​​មក​​​ពី​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច​​​ ​​​​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះលែង​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខែ​​​នេះ​​​ និង​​​​​ចុង​​​ក្រោយ​​​ជុំ​​​វិញ​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដ៏​​​ហិង្សា។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​ដោយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស និង​​​​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​ជាមួយ​​​កម្មករ​​​មក​​​ពី​​​ក្រុម​​​ហ៊ុន ខេឌីស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ខែ​​​កក្កដា​។ អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​​ទៀត​​​ដែល​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​សីហា ដោយ​​​ចៅ​​​ក្រម​​​សុើប​​​សួរ ញួង ចាន់ឌី ប៉ុន្តែ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ។ កម្មករ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​សំណង់​​​២៥០​​​នាក់​​​ ដែល​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ជួល​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ដាក់​​​ញត្តិ​​​ប្រឆាំង​​​ការ​​​ដោះ​​​លែង​​​ណា​​​មួយ​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​ ការិយាល័យ​​​សហភាព​​​អឺរ៉ុប និង​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ យោង​​​តាម​​​ សិុន ឃឹម បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​បុរស​​​ប្រាំ​​​មួួយ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​រើស​​​ដោយ​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ឲ្យ​​​ធ្វើ​​​ជា​​​តំណាង​​​របស់​​​ពួក​​​គេ​​​នោះ​​​បាន​​​និយាយ​​​ថា  កាល​​​ពី​ម្សិលមិញ ពួក​​​គេ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ការិយាល័យ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ និង​​​អាដ​​​ហុក​​​ ព្រម​​​ទាំង​​​រដ្ឋ​​​សភា និង​​​ព្រឹទ្ធ​​​សភា។ គាត់​​​បាន​​​និយាយ​​​ថា “មូល​​​ហេតុ​​​ដែល​​​យើង​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​គឺ​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​ស្ថាប័ន​​​ទាំង​​​នេះ​​​កុំ​​​អន្តរាគមន៍​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នកភូមិ​​​ទាំង​​​ប្រាំ​​​​នាក់​​​​ពី​​​ពន្ធនាគារ​​​​​​ ពីព្រោះ​​​ពួក​​​គាត់​​​គឺ​​​ជា​​​ពិរុទ្ធ​​​ជន​​​ពិត​​​ប្រាកដ​​​ ដែល​​​​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​វាយ​​​ពួក​​​យើង​​​”។ គាត់​​​បាន​​​បន្ថែម​​​ថា “សកម្ម​ភាព​​​របស់​​​យើង​​​ គឺ​​​ដើម្បី​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​កម្មករ​​​របស់​​​យើង​​​ ដែល​​​បាន​​​រង​​​របួស​​​ដោយ​​​សារ​​​មនុស្ស​​​ទាំង​​​នេះ​​​។ ពួក​​​គាត់​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សកម្ម​ភាព​​​ដ៏​​​ឃោរ​ឃៅ​​​មក​​​លើ​​​​ពួក​​​​យើង​​​ ខណៈ​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​​​​ការដ្ឋាន”។ កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​កក្កដា បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ព្យាយាម​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​សង់​​​របង​​​កំណត់​​​ព្រំ​​​ដី​​​ ដែល​​​មាន​​​វិវាទ​​​ចាប់​​​តាំង​​​ពី​​​លោកស្រី ជា​​​ ខេង ភរិយា​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​បាន​​​មក​​ដល់​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ហើយ​​​តាម​​​ព័ត៌​​​មាន​​​ថា ​​​បាន​​​ចាប់​​​យក​​​ដី​​​នេះ​។ ដោយ​​​មានការ​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗពី​​​សំណាក់​​​ក្រុម​​​អ្នក​​​ភូមិ​​​ កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ទាំង​​​នោះ​​​បាន​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​តាម​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី ដោយ​​​កាន់​​​រូប​​​ថត​​​អ្នក​​​​​​រង​​​បួស​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើ​​​ង​​​ថា ដោយ​​​សារ​​​ស្នាដៃ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កក្កដា ។ ពួក​​​គេ​​​បាន​​​មកដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​តែ​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ពី​​​អ្នក​​​ភូមិ​​​ប្រហែល​​​៧០នាក់​​​មក​​​ពី​​​កន្លែង​​​ដី​​​ដែល​​​មាន​​​វិវាទ​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​មួយ​​​ចំនួន ដែល​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ទៅ​​​នោះ។ អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​របស់​​​កម្មករ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រៀប​​​ច​​ំ​​​ដោយ​​​ក្រុម​​​នោះ។ អ្នក​​​ស្រី ខាត់​​​ សារួន ដែល​​​ប្តី​​​របស់​​​គាត់​​​ឈ្មោះ​​​ ស៊ាង ហេង ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​ បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ស្ត្រី​​​មាន​​​អំណាច​​​រូប​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​សម្តែង​​​ឆាកល្ខោន​​​គ្រប់​​​ប្រភេទ​​​ដើម្បី​​​ចាប់​​​អ្នក​​​ភូមិ​​​​​​ដាក់​​​ពន្ធនាគារ ហើយ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ជួល​​​បុរស​​​ទាំង​​​នេះ​​​ឲ្យ​​​សម្តែង​​​ល្ខោន​​​ផ្សេង​​​ទៀត​​​”។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ដាក់​​​ញត្តិ​​​របស់ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការសង្ស័យ​​​របស់​​​អ្នកស្រី សារួន ទៅលើ​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី អាច​​ជា​​​ការ​ត្រឹមត្រូវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ញត្តិ​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​ដោយ​​​ឆន្ទៈ​​​របស់​​​កម្មករ​​​មែន​​​នោះ​​​ វា​​​ជា​​​ការ​​​ល្អ​​​ហើយ​​​ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​បរិយាកាស​​​ប្រជា​​​ធិបតេយ្យ​​​។ ប៉ុន្តែ យើង​​​បារម្ភ​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​អាយ៉ង​​​របស់​​​អ្នក​​​មាន​​​អំណាច​​​ដើម្បី​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​សម្រាប់​​​អ្នក​​​មាន​​​នោះ​​​”។ លោក សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា “លើស​​​ពី​​​នេះ​​​ទៅទៀត​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​បាន​​​បណ្តាល​​​ឲ្យ​​​ភាគី​​​ទាំង​​​សង​​​ខាង​​​រង​​​របួស ប៉ុន្តែ យើង​​​មិន​​​ច្បាស់​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អាជ្ញាធរ​​​ និង​​​មន្ត្រី​​​តុលាការ​​​ចាត​់​​​វិធាន​​​ការ​​​ប្រឆាំង​​​តែ​​​ភាគី​​​​​​ម្ខាង​​​នៅ​​​ក្នុង​​​ជម្លោះ​​​នោះ​​​”។ លោក ឃឹម ដែល​​​ជា​​​តំណាង​​​កម្មករ​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ​​​បាន​​​ច្រាន​​​​ចោល​​​ការ​​​សង្ស័យ​​​ដែល​​​ថា កម្មករ​​​ត្រូវ​​​បាន​​​​​​ភ្ជាប់ចំពោះការ​​​​ដាក់​​​ញត្តិ​​​នោះដោយ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ។ លោក ឃឹម បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​មិន​​​បាន​​​គាំទ្រ​​​ពួក​​​យើង​​​ក្នុង​​​ការ​​​ដាក់​​​ញត្តិ​​​​​​ដើម្បីជំទាស់​​​ទៅ​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​អ្នក​​​ភូមិ​​​ឡើយ”៕សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

មនុស្សពីរនាក់​ត្រូវ​បាន​​រកឃើញ​ថា មាន​ទោស​ពីបទ​ជួញដូរ​ក្មេងស្រី​គថ្លង់​​អាយុ​១៣​ឆ្នាំ​ម្នាក់​យក​ទៅ​លក់​នៅ​បនស្រី ហើយពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​​១៥​ឆ្នាំ ដោយ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ។ ឯម សុភា អាយុ​៤៤​ឆ្នាំ និង ឡុញ ចាន់ អាយុ​២៨​ឆ្នាំ​ សុទ្ធតែ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​​ម្នាក់ៗ​ប្រហែល​១៥​ឆ្នាំ ពីបទ​លក់​ក្មេងស្រី​នេះ​ទៅ​ឲ្យ​បន​ស្រី​មួយ​ក្នុង​ខណ្ឌចំការ​មន រាជ​ធានីភ្នំពេញ ជា​កន្លែង​ដែលជន​រងគ្រោះ​បាន​អះអាង​ថា ខ្លួន​ត្រូវ​គេ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ជាច្រើន​នាក់​កាលពី​ខែ​មិថុនា មុន​ពេល​នាង​គេច​ខ្លួន​រួច​។ ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៤លាន​រៀល ទៅ​ឲ្យ​ជនរងគ្រោះ​។ ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ បន្ទាប់​ពី​នគរ​បាល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​លោក សុខ ផល្លា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្ដី​សង្ឃឹម​ថ្មីនៃ​​កុមារ​កម្ពុជា ដែល​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​ឲ្យ​ក្មេងស្រី​រងគ្រោះ​រូប​នេះ​ ដែល​ផ្ទុក​មេរោគ​អេដស៍ ​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​នាង​​បាន​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍​មក​។ ក្មេង​ស្រី​រងគ្រោះ​រូប​នេះ​បាន​បាត់​ខ្លួន​នៅ​ពេល​ទៅ​លេង​ផ្ទះ​​មិត្ត​ភក្ដិ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ។ អ្នកស្រី សុភា ដែល​អះអាង​កាលពី​ខែ​មករា​ថា ខ្លួន​បាន​លេង​ល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ណាហ្គាវើល ចំពេល​ដែល​​បទ​ល្មើស​នេះ​បាន​កើត​ឡើង​នោះ នៅតែ​និយាយ​ថា ខ្លួន​គ្មាន​ទោស​កំហុស​បន្ទាប់ពី​តុលាការ​បាន​ចេញ​សាល​ក្រម​កាលពី​ម្សិលមិញ​។ អ្នកស្រី​​បាន​សួរ​ថា ​” តើ​ខ្ញុំ​ត្រូវ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ​? ហេតុអី​មិន​កាត់​ទោស​ឲ្យ​ខ្ញុំ​ជាប់​គុក​ពី​៥០ទៅ​​៦០​ឆ្នាំ​ទៅ​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​អី​ខុស​ទេ”។ ​លោក មុត​ ពិសិដ្ឋ​ មេធាវី​របស់​អ្នកស្រី សុភា​ បាន​លើក​ឡើង​ថា អ្នកស្រី​​នឹង​ប្ដឹង​ជំទាស់​​ការ​ផ្ដន្ទាទោស​នេះ​៕ គឹមហឿន​​​​​​​​  

តំណាង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​វិវាទ​​​ការ​​​ងារ​​​បាន​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​​​​ម​​ិញ​​​ ខណៈ​​​ដែល​​​សហ​សេវិក​​​របស់​​​ខ្លួន​​​ប្រហែល​​​១.០០០​​​នាក់​​​ទៀត​​​បាន​​​ហែ​​​ក្បួន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​។ កម្មករ​​​ប្រហែល​​​៦០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​រារាំង​​​រយៈ​​​ពេល​​​ខ្លី​​​ពី​​​សំណាក់​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​តាម​​​ផ្លូវ​​​ដែល​​​ពួក​​​គាត់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ដាក់​​​ញត្តិ​​​នៅ​​​ភូមិគ្រឹះ​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ប៉ុន្តែ ទី​​​បំផុត​​​បាន​​​ទៅ​​​ដល់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ និង​​​៣០​​​នាទី​​​ព្រឹក​​​។ ក្រុម​​​នេះ​​​ដែល​​​មាន​​​ចំនួន​​​តិច​​​ជាង​​​កម្មករ​៥០០​​​នាក់​​​ដែល​​​សមាជិក​​​សហជីព​​រំពឹង​​​ថា នឹង​​​ចូល​​​រួម​​​​​នោះ​​​ តំណាង​​​ឲ្យ​​​កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​ដែល​​​ពី​​​ដំបូង​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​រយៈ​​​ពេល​​​ជាង​​​១០​​​ថ្ងៃ​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​ដឹង​​​ថា ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំខែ​​​របស់​​​ខ្លួន​​​មិន​​​មាន​​​ក្នុង​​​​​បញ្ជី​​​បើក​​​ប្រាក់​​​ខែ​​​​​​កាល​​​ពី​​​ពេល​​​ថ្មីៗនេះ។ បើ​​​ទោះ​​​ណា​​​ជា​​​រោង​​​ចក្រ​​​បាន​​​សន្យា​​​ទូទាត់​​​​​​ប្រាក់​​​ដែល​​​បាត់​​​នោះ​​​នៅ​​​ខែ​​​ក្រោយ​​​ក៏​​​ដោយ​​​ ក៏​​​កម្មករ​​​ទាំង​​​នោះ​​​បាន​​​​​​ទាម​​​ទារ​​​១៧​​​ចំណុច​​​រួម​​​ទាំង​​​ការ​​​ដំឡើង​​​លុយ​​​ព្រីម ពី​​​១០​​​ដុល្លារ​​​ដល់​​​១៥ដុល្លារ​​​ផង​​​ដែរ​​​។ កម្មករ​​​ដែល​​​ធ្វើ​​​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​រយៈ​​​ពេល​​​ប្រហែល​​​១ម៉ោង​​​នៅ​​​ខាង​​​ក្រៅ​​​ភូមិ​​​គ្រឹះ​​​លោក​​​ ហ៊ុន សែន មុន​​​ពេល​​​លោក គង់ ចំរើន​​​ លេខា​​​ម្នាក់​​​នៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មក​​​ទទួល​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​។ លោក ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ដោះស្រាយ​​​ [ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ] ហើយ​​​ខ្ញុំ​​​នឹង​​​យក​​​ញត្តិ​​​ទៅ​​​ឲ្យ​​​ពួកគេ​​​”។ កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye  ១.០០០នាក់​​​ទៀត​​​ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ហែ​​​ក្បួន​​​ចេញ​​​ពី​​​រោងចក្រ​​​នៅ​​​ក្នុង​​​ស្រុក​​​សាមគ្គី​​​មាន​​​ជ័យ​​​ ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​តាម​​​បណ្ដោយ​​​ផ្លូ​​វ​​​ជាតិ​​​លេខ​​​៥​​​ជាមួយ​​​សហ​​​សេវិក​​​របស់​​​ខ្លួន​​​។ លោក អេង វណ្ណា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ស្មារតី​​​កម្មករ​​​ខ្មែរ​​​បាន​​​អំពាវ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​នេះ។ លោក វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ទទួល​​​ស្គាល់​​​ថា ថ្មី​​​ៗ​​​នេះ​​​យើង​​​មាន​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្ដាល​​​ មន្ទីរ​​​ការងារ​​​ខេត្ត​​​ និង​​​​​​ក្រសួង​​​ការងារ​​​មក​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​តំណាង​​​នៃ​​​ភាគី​​​ទាំង​​​ពីរ​​​ ប៉ុន្តែ មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​ឡើយ​​​”។ លោ​​​ក​​​ ង៉ែត រស្មី ប្រធាន​​​ផ្នែក​​​ធន​​​ធាន​​​មនុស្ស​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye បាន​​​មាន​ប្រសាសន៍​​​ថា  រោង​​​ចក្រ​​​នឹង​​​ពិនិត្យ​​​មើល​​​ការ​​​ទាម​​​ទារ​​របស់​​​កម្មករ​​​ ប៉ុន្តែ​​​ មិន​​​អាច​​​ដំឡើង​​​ប្រាក់​​​ខែ​​​បាន​​​ឡើយ​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​ទា​​​ម​​​ទារ​​​កន្លែង​​​សម្រាប់​​​បរិភោគ​​​អាហារ​​​នៅ​​​ក្នុង​​​រោងចក្រ។ យើង​​​នឹង​​​ពិចារណា​​​សាង​​​សង់​​​កន្លែង​​​នេះ​​​នៅ​​​ពេល​​​ក្រោយ​​​ ពីព្រោះ​​​រោង​​​ចក្រ​​​របស់​​​​យើង​​​ទើប​​​តែ​​​បាន​​​សាង​​​សង់​​​ប៉ុណ្ណោះ”។​​​​​​​​​​​​​​​​​​​ លោក​​​បាន​​​បន្ថែម​​​ថា រោង​​​ចក្រ​​​ក៏​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​កម្មករ​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ឈប់​​​សម្រាក​​​មួយ​​ថ្ងៃ​​​អំឡុង​​​ពេល​​​ទៅ​​​ពិនិត្យ​​​ផ្ទៃពោះ​​​ផង​​​ដែរ​​​។ លោក​​​ រស្មី​​ បាន​​​មានប្រសាសន៍​​​ថា ការ​​​ចរចា​​​បន្ថែម​​​ទៀត​​​ ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​មន្ត្រី​​​មក​​​ពី​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ”៕សារុន​​​  

កាលពី​ម្សិលមិញ លោក បា៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន​ចែក​ប្រាក់​សរុប​៣០.០០០ដុល្លារ ​ដល់​កង​រាជអាវុធហត្ថ​ប្រហែល​១.០០០​នាក់​នៅ​ក្នុង​ពិធី​មួយ​ ដោយ​លើក​សរសើរ​ពីការ​បំពេញ​​​ការ​ងារ​ និង​គោរព​វិន័យ​ “បាន​ល្អ​ប្រសើរ​” ​របស់​ពួកគេ​បន្ទាប់​ពី​ឆ្នាំ​ដែល​មានអំពើ​ហិង្សា​ជាច្រើន​ និង​នៅ​ពេល​ខ្លះ​មាន​ការ​តវ៉ា​ ដែល​​បាន​​​បណ្ដាល​ឲ្យ​​បាត់​បង់​អាយុជីវិត​មនុស្ស​​ផង​​នោះ​។ ថ្លែង​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​​ដែល​ឈរ​ជា​ជួរ​ៗ​នៅ​ក្នុង​បរិវេណ​​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​បន្ទោស​ភាព​ចលាចល​ភាគ​ច្រើន​កាល​ពី​ឆ្នាំ​មុន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​នេះ​បាន​ដឹក​នាំ​បាតុកម្ម​ជាច្រើន​ ដែល​ភាគ​ច្រើន​ជា​បាតុកម្ម​អហិង្សា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប្រឆាំង​នឹង​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ឆ្នាំ​២០១៣​ ដែល​ខ្លួនចាត់​ទុក​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដឹក​នាំ​ប្រទេស​បាន​៥ឆ្នាំ​បន្ត​ទៀត​នោះ។ ប៉ុន្តែ​​ការ​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំៗ​ទាំង​នេះ​ ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​នាំ​ឲ្យ​កើត​​មាន​ការ​តវ៉ា​ដ៏ហិង្សា​មួយ​ចំនួន​ ដែល​​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​បាន​ឆ្លើយ​តប​ដោយ​​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​ខ្លួន​ ហើយ​បណ្ដាល​​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួសកាលពី​ដើម​ខែ​មករា​នោះ។ លោក បា៉ សុជាតិវង្ស បាន​មាន​ប្រសាសន៍​ដោយ​មិន​រៀប​រាប់​ច្រើន​ថា ” ការ​ពិត​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​បាតុកម្ម​ចំនួន​៨៦​លើក ហើយ​ធ្វើ​ឲ្យ​ផ្ទុះ​​អំពើ​ហិង្សា​ចំនួន​បីលើក​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អនាធិបតេយ្យ​ កង​កម្លាំង​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ និង​នគរ​បាល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​ ហើយ​បាន​​​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត​​​របស់​ខ្លួន​បាន​ជា​ធម្មតា​វិញ​។ ដោយ​ការ​ទទួល​បាន​​ជោគ​ជ័យ​ដ៏ធំនេះ​ ខ្ញុំ​អាច​និយាយ​បាន​ថា កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​មាន​វិន័យ​ពិតប្រាកដ​ ហើយ​គោរព​តាម​បញ្ជា​មន្ត្រី​ថ្នាក់​លើ​​​​”។ លោក​អភិបាល​រាជ​ធានី​បាន​​លើក​ឡើង​ទៀត​ថា ការ​សម្រេច​ចិត្ត​ថ្មីៗ​នេះ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ទទួល​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់ពី​ធ្វើ​ពហិការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក បាន​ជួយ​​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់មួយ​ចំនួន​ឡើង​វិញ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​ងារ​របស់​កង​រាជ​អាវុធ​ហត្ថ​មិនទាន់​ចប់​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា […]

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​​បាន​ចែក​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជនអន្តោប្រវេសន៍​ឲ្យជន​ជាតិវៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ពុធ និង​ម្សិលមិញ​ បាន​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ធ្វើ​ជំរឿន​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍នៅ​ក្រសួង​មហាផ្ទៃ បាន​​ចុះ​ទៅ​តាម​សហគមន៍វៀតណាម ដែល​រស់​នៅ​​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប ក្នុង​ខេត្ត​ពោធិ៍សាត់។ លោក​ បាន​ ហេង ស្នង​ការ​រង​នគរ​បាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា នគរ​បាល​ និង​មន្ត្រី​មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​បាន​បន្ត​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​កាលពី​ម្សិលមិញ​ទៅ​ស្រុក​ចំនួន​ពីរ​ថែម​ទៀត​។ លោក ហេង បាន​មាន​ប្រសាសន៍​ថា “ក្រុម​ការ​ងារ​របស់​យើង​បាន​ចុះទៅ​ដើម្បី​​ធ្វើ​ជំរឿន​លើ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ជាមុន​សិន​ ហើយ​បន្ទាប់​មក​ទៀត​យើង​នឹង​ទៅ​ស្រុក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​”។ លោក​ក៏​បាន​​អំពាវ​នាវ​ឲ្យ​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​នោះ​​ មក​ជួប​ជាមួយ​នគរ​បាល​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “មនុស្ស​ម្នាក់​គឺ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន២៥០.០០០​រៀល [ប្រហែល​៦០ដុល្លារ​] ដើម្បី​ទទួល​បាន​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ ហើយ​នៅ​ពេល​​ប័ណ្ណ​របស់​ពួកគេ​​​អស់​សុពលភាព​ ពួកគេ​ត្រូវ​តែ​មក​ធ្វើ​វា​សាជាថ្មី”។ នៅ​ក្នុង​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន​ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​វៀតណាម​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ឯកសារ​​ត្រឹម​ត្រូវ​បាន​ទៅ​ជួប​​ជាមួយ​នគរ​បាល​ ហើយ​ពួកគេ​​​ត្រូវ​បាន​ផ្ដល់​ឯកសារ​ត្រឹម​ត្រូវ​រួច​ហើយ។ លោក ចំរើន បាន​មាន​ប្រសាសន៍​ថា “កាលពី​ថ្ងៃ​ពុធ មន្ត្រី​របស់​យើង​បានផ្ដល់​ប័ណ្ណ​រស់​នៅ​ស្រប​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍​ដល់​ជនជាតិ​វៀតណាម​ជាង​១០០​នាក់​ ដែល​រស់​នៅ​ក្នុង​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម”។ លោក​ ជា ថុល អធិការ​នគរ​បាល​ស្រុក​ល្វាឯម ដែល​បាន​មក​ចូល​រួម​នៅ​​ក្្នុង​ពិធី​នេះ​ បាន​លើក​ឡើង​ថា […]

The Cambodia Daily | All the News Without Fear or Favor | The Daily Newspaper of Record Since 1993